តាំងពីឆ្នាំ១៩៩៤មក សមាគមគ្រូពេទ្យកម្ពុជានៅប្រទេសបារាំងបានរៀបចំកម្មវិធីផ្សេងៗ ដើម្បីជួយប្រទេសកម្ពុជា មានជាអាទិ៍ ការផ្តល់សម្ភារៈបរិក្ខារពេទ្យ ថ្នាំសង្កូវ ការពិនិត្យជំងឺដោយឥតគិតថ្លៃ នៅតាមតំបន់ផ្សេងៗក្នុងប្រទេស ទៅតាមតម្រូវការ ដោយផ្ទាល់នៅកន្លែង និងទៅតាមលទ្ធភាពនៃការប្រមូលជំនួយពីប្រទេសបារាំង។ ឆ្នាំ នេះ សមាគមបានបើកយុទ្ធនាការចាក់ថ្នាំបង្ការ ជំងឺមហារីកមាត់ស្បូនដល់សិស្សានុសិស្ស នៅអនុវិទ្យាល័យចំនួន៩អនុវិទ្យាល័យ នៅទីក្រុងភ្នំពេញ។ យុទ្ធនាការចាក់ថ្នាំបង្ការនេះ មានរយៈពេល៥ថ្ងៃចាប់ពីថ្ងៃចន្ទទី១០ ដល់ថ្ងៃសុក្រទី១៤មករាឆ្នាំ២០១១។
គ្រោះថ្នាក់សំខាន់មួយដែលស្ត្រីទូទៅ និងភាគច្រើន ព្រួយបារម្ភ និងអាចជួប គឺជំងឺមហារីកមាត់ស្បូន។ វីរ៉ុស papillomavirus HPV16 et HPV18 ដែលជាភ្នាក់ងារបង្កជំងឺមហារីកមាត់ស្បូន (៧០%) ពេលខ្លះបានមកតោងជាប់ក្នុងខ្លួនមនុស្សស្រីយើង តាំងពីនៅក្មេងមិនទាន់គ្រប់ការ ហើយវាអាចសំងំរហូតដល់២០ឆ្នាំ មុននឹងរីករាលដាលចូលដំណាក់កាល ជំងឺមហារីក។
ហេតុដូច្នេះហើយបានក្រុមអ្នកវេជ្ជសាស្ត្របានណែនាំឲ្យគ្រប់ស្ត្រី ទាំងអស់ ដែលមានអាយុចាប់ពី ២៥ឆ្នាំឡើងទៅ អញ្ជើញទៅធ្វើការត្រួតពិនិត្យស រាល់ពីរឆ្នាំម្តង ការពារក្រែងមានជំងឺមហារីកមាត់ស្បូន។ ព្រោះបើគេដឹង និងរកឃើញកាន់តែឆាប់ នោះគេនឹងមានលទ្ធភាពជួយសង្គ្រោះ និងព្យាបាលបានជាសះស្បើយ។
មធ្យោបាយមួយទៀត គឺការចាក់ថ្នាំបង្ការ ! ថ្នាំបង្ការដែលអង្គការសុខភាពពិភពលោក បានណែនាំឲ្យចាក់ជូនដល់ កុមារី និងយុវតី ដែលពុំទាន់មានទំនាក់ទំនងផ្លូវភេទ ទើបមានប្រសិទ្ធិភាពល្អ។ កុមារី ចាប់ពីអាយុ៩ រហូតដល់ពេញវ័យអាយុ២៦ឆ្នាំ អាចទទួលថ្នាំបង្ការនេះបាន។ ទោះបីគ្មានទំនាក់ទំនងផ្លូវភេទក៏ដោយ ប៉ុន្តែបើស្ត្រីម្នាក់មានវ័យចំណាស់បន្តិចទៅហើយនោះ ការចាក់ថ្នាំបង្ការពុំសូវមានប្រយោជន៍ និងប្រសិទ្ធិភាពទេ។ ចំពោះថ្នាំបង្ការនេះ ក៏ដូចជាថ្នាំបង្ការផ្សេងៗទៀតដែរ វាអាចការពារបានតែ៧០%ប៉ុណ្ណោះ។ ដូច្នេះកុមារី និងយុវតី ដែលបានទទួលថ្នាំការពារហើយ ក៏ត្រូវតែអញ្ជើញទៅពិនិត្យស នៅពេលមានទំនាក់ទំនងផ្លូវភេទ និងចាប់ពីពេលមានអាយុ២៥ឆ្នាំឡើងទៅ។
ដោយយល់អំពីគ្រោះថ្នាក់នៃជំងឺនេះ ទើបក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យខ្មែរនៅប្រទេសបារាំង សហការជាមួយនឹងសមាគមមិត្តនិស្សិត និងឱសថសាស្ត្រខ្មែរនៅប្រទេសបារាំង ព្រមទាំងសមាគមក្រុមគ្រូពេទ្យ និងឱសថសាស្ត្រនៅប្រទេសកម្ពុជា ដែលមានលោក សុង សេង ហុង ជាប្រធានសមាគម បានអញ្ជើញទៅប្រទេសកម្ពុជាជាថ្មី ដើម្បីបើកយុទ្ធនាការចាក់ថ្នាំបង្ការ ជំងឺមហារីកមាត់ស្បូនដល់សិស្សានុសិស្ស នៅអនុវិទ្យាល័យចំនួន៩អនុវិទ្យាល័យ នៅទីក្រុងភ្នំពេញ។ យុទ្ធនាការចាក់ថ្នាំបង្ការនេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃចន្ទទី១០ ដល់ថ្ងៃសុក្រទី១៤មករាឆ្នាំ២០១១ និងដោយមានការយល់ព្រមពីឪពុកម្តាយ ដល់កុមារី អាយុពី៩ ដល់១៤ឆ្នាំ៕
(យកទាំងស្រុងចេញពី វិទ្យុ បារាំងអន្តរជាតិ RFI.fr)